នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃអ.គ.ហ. ព្រមទាំងតំណាងអង្គភាពក្រោមឱវាទ កសហវ. និងក្រសួង ស្ថាប័ន បានទទួល និងសម្ដែងការគួរសមស្វាគមន៍គណៈប្រតិភូឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចសិក្សាស្ដីពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ជ្រុងជ្រោយតាមរយៈការកៀរគរចំណូល និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ។ ទស្សនកិច្ចសិក្សានេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយគណៈប្រតិភូឥណ្ឌូណេស៊ីនឹងជួបជាមួយ អង្គភាពពាក់ព័ន្ធដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងកម្ពុជា និងឥណ្ឌូណេស៊ីស្ដីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ជ្រុងជ្រោយ, សហគ្រាសសាធារណៈរួមចំណែកសំខាន់ដល់ក៏អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងគោលនយោបាយថវិកាសម្រាប់កម្មវិធីអភិវឌ្ឍធនធានមនុស្ស និងគាំពារសង្គម។ ប្រតិភូឥណ្ឌូណេស៊ីនឹងអញ្ជើញទៅទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីសិក្សាពីសហគ្រាសនៅកម្ពុជាដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។